កីឡា​ដើម្បី​សុខភាព បើក​ការ​ប្រកួត​រដូវកាល​ទី​២

.

ការ​ប្រកួត​កីឡា​បាល់ទាត់​ពាន​រង្វាន់​កីឡា​ដើម្បី​សុខភាព លើក​ទី​២ ឆ្នាំ​២០១៤ បាន​និង​កំពុង​បើក​ដំណើរការ នៅលើ​ទីលាន​សិប្បនិម្មិត​វាលពន្លឺ ហើយ​ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង ដោយសារ​តែ​ការ​ប្រកួត​លើក​ទី​១ ដែល​ទើប​បាន​បញ្ចប់ កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៤ បាន​ទទួល​លទ្ធផល​ល្អ​ស្រប​ទៅ​នឹង​ឈ្មោះ​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ការ​លេង​បាល់ទាត់​ដើម្បី​សុខភាព និង​ការ​បង្កើត​នូវ​មិត្តភាព។

សម្រាប់​ការ​ប្រកួត​លើក​ទី​១ មាន​តែ​១០​ក្រុម​ប៉ុណ្ណោះ​បាន​ចូលរួម ប៉ុន្តែ​ការ​ប្រកួត​លើក​ទី​២ ដែល​បាន​ចាប់​ដំណើរការ​ប្រកួត កាលពី​ថ្ងៃ​សុក្រ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៤​នោះ គឺ​មាន​ក្រុម​រហូត​ដល់​១៦ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត។

ក្រុម​ទាំង​១៦ ត្រូវ​ធ្វើការ​ប្រកួត​តាម​រូបមន្ត​វិល​ជុំ រួច​យក​៨​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ហើយ​៤​ក្រុម​ដែល​ឈ្នះ​នៅក្នុង​វគ្គ​នោះ នឹង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ។

លោក ឃុល ភីរម្យ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​និយាយ​នៅក្នុង​ពិធី​បើក​ការ​ប្រកួត កាលពី​ថ្ងៃ​សៅរ៍​ថា៖​«ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង គឺ​ខ្ញុំ​មាន​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា យក​ពេល​ទំនេរ​មក​លេង​កីឡា​ដើម្បី​ទទួល​បាន​សុខភាព និង​បង្កើត​ចំណង​មិត្តភាព ក៏​ដូចជា​បង្កើត​ភាព​សប្បាយ​រីករាយ បន្ទាប់ពី​ការ​ធ្វើ​ការងារ ហើយ​ខ្ញុំ​ក៏​សូម​យក​ពេលវេលា​នេះ​ថ្លែង​អំណរគុណ​ទៅ​ដល់ AFB 88, Home Sport, Holy Sport, Heath Care, Grow និង Wisdom School ដែល​បាន​ចូលរួម​ឧបត្ថម្ភ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ផង​ដែរ»។

សម្រាប់​លទ្ធផល​នៃ​ការ​ប្រកួត​បើក​ឆាក កាលពី​ថ្ងៃ​សុក្រ ក្រុម 5P Church FC បាន​បំបាក់​ក្រុម Blue Bird FC ១៦-១ តែ​ក្រុម Red Dragon FC បាន​ចាញ់​ក្រុម Wuden Plus FC ៣-១។ រីឯ​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​ម្ចាស់​ជើងឯក Canon FC បាន​យក​ឈ្នះ​លើ​ក្រុម​ជើងឯក​រង PPMC FC ៩-២ ជា​ថ្មី​ម្តង​ទៀត​សម្រាប់​ការ​ប្រកួត​បើក​រដូវកាល​ទី​២​នេះ។

ចំណែក​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ Star Fish FC បាន​យក​ឈ្នះ​លើ​ក្រុម Health Care FC ៥-៤ តែ​ក្រុម Health Lyon FC បាន​ចាញ់​ក្រុម EMM Dormitory FC ៧-៦។ រីឯ​ការ​ប្រកួត កាលពី​ថ្ងៃ​អាទិត្យ ក្រុម​សាសា បណ្តុះ​ប្រាជ្ញា FC បាន​យក​ឈ្នះ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ FMC FC ៣-១ ខណៈ​ក្រុម​ទំនប់​ទឹក FC បាន​ចាញ់​ក្រុម B.M FC ២-០ តែ​ក្រុម Ratanakiri FC បាន​ឈ្នះ​ក្រុម The Invincible FC ក្នុង​លទ្ធផល ៥-៣៕

 

Source: The Phnom Penh Post